ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី២ រយៈពេល ៥ឆ្នាំ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង បន្តការអនុវត្តនយោបាយទឹក តាមរយៈ ការគ្រប់គ្រងធនធានទឹក ឲ្យបានល្អដោយជំរុញការថែរក្សា ការស្តារ និងស្ថាបនាប្រព័ន្ធធារាសាស្រ្ត ខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំ ។ ដើម្បីសម្រេចទិសដៅនេះ ចាំបាច់ត្រូវលើកកម្ពស់អគ្គនាយកដ្ឋានធារាសាស្ត្រ ឧតុនិយម និងជលសាស្រ្ត ឲ្យទៅជាក្រសួងធនធានទឹក និងឧតុនិយម កែលំអរចនាសម្ព័ន្ធ និងបំពាក់មធ្យោបាយឲ្យផ្នែកនេះ ដើម្បីធានាប្រសិទ្ធិភាពដល់ការដោះស្រាយទឹកបម្រើដល់ការអភិវឌ្ឍ ។ ជាទិសដៅ ក្នុងរយៈពេល ៥ឆ្នាំ ត្រូវខិតខំពង្រីកប្រព័ន្ធស្រោចស្រពឲ្យបានប្រមាណ ១៦,៦២% ទៅ ២០% គឺមួយឆ្នាំៗកំណើនប្រមាណពី ៣,៣២% ទៅ ៤% លើផ្ទៃដីបង្កបង្កើនផលស្រូវ ពោលគឺកំណើនលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវប្រមាណ ៣៧៤.៦០៣ ហិកតា ក្នុងរយៈពេល ៥ឆ្នាំ ។ ដោយហេតុខាងលើនេះ ក្រសួងធនធានទឹក និងឧតុនិយម ត្រូវបានចាប់ បដិសន្ធិឡើងក្នុងអណត្តិទី២ នៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៨ ចុះថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ១៩៩៩ ដែលមានសមត្ថកិច្ចដឹកនាំ និងគ្រប់គ្រងលើវិស័យធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា ។
Made with by MOWRAM